ធនាគារអនឡាញ
ធនាគារចល័ត
ជាមួយនឹងការភ្ជាប់កម្មវិធីធនាគារចល័ត ដែលងាយស្រួលប្រើ សុវត្ថិភាព និងទាន់សម័យ!
រីករាយជាមួយបទពិសោធន៍នៃការបើកគណនីឌីជីថលរបស់ធនាគារ CUBC ដោយមិនមានការរំខាន ដោយមិនចាំបាច់មកកាន់ធនាគារ។ សាមញ្ញ សុវត្ថិភាពខ្ពស់ ដូចដែលយើងខ្ញុំបានបង្កប់នូវបច្ចេកវិទ្យាចុងក្រោយបំផុតដូចជា FIDO ការផ្ទៀងផ្ទាត់ពីរកត្តា ការភ្ជាប់ឧបករណ៍ និងយន្តការជាច្រើនទៀតនៅក្នុងកម្មវិធីធនាគារចល័ត ដើម្បីធានាសុវត្ថិភាពគណនីរបស់លោកអ្នក។ យើងធ្វើបច្ចុប្បន្នភាពកម្មវិធីធនាគារចល័ត ជាញឹកញាប់ដើម្បីផ្តល់ឱ្យលោកអ្នកនូវបទពិសោធន៍ប្រើប្រាស់ដ៏ល្អបំផុត។ សូមរង់ចាំ!
ធនាគារ CUBC បានដាក់ដំណើរការរូបរាងថ្មីនៃកម្មវិធីធនាគារចល័ត ដែលផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ថ្មីទាំងស្រុងនៃប្រតិបត្តិការធនាគារឌីជីថល ។ សាកល្បងឥឡូវនេះ។
តើកម្មវិធីធនាគារចល័តរបស់ធនាគារ កាថេ យូណៃធីត អាចធ្វើប្រតិបត្តិការអ្វីខ្លះ?
-
ការត្រួតពិនិត្យ
- សមតុល្យគណនី
- ព័ត៌មានអំពីប្រាក់បញ្ញើ
- ព័ត៌មានអំពីប្រតិបត្តិការរហូតដល់ 6 ខែ
- ការទូទាត់ និងការផ្ទេរប្រាក់ដែលបានគ្រោងទុក
- របាយការណ៍ប្រាក់កម្ចី
- របាយការណ៍ប័ណ្ណឥណទាន
-
ការផ្ទេរប្រាក់
- ទៅកាន់គណនីផ្ទាល់ខ្លួនរបស់លោកអ្នក
- ទៅកាន់គណនីធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.កផ្សេងទៀត
- ទៅកាន់គណនីធនាគារក្នុងស្រុក ឬគណនីបាគងវ៉លឡែត
- ទៅកាន់គណនីក្រៅប្រទេសផ្សេងទៀត
-
ប្រាក់បញ្ញើមានកាលកំណត់
- បើកប្រាក់បញ្ញើមានកាលកំណត់
-
ការទូទាត់
- វិក្កយបត្រកាតឥណទាន
- បញ្ចូលទឹកប្រាក់ទូរស័ព្ទ
-
ផ្សេងៗ
- បើកគណនីឌីជីថលទាំង USD និង KHR
- ទទួលបានការជូនដំណឹងភ្លាមៗ
- ស្វែងរកទីតាំងម៉ាស៊ីន ATM និងទីតាំងសាខាធនាគារ
- ដាក់ឈ្មោះគណនីរបស់លោកអ្នករ
-
ស្កេន QR កូដ
- ទទួលប្រាក់យ៉ាងងាយស្រួលជាមួយផ្ទាំង Widget
- កំណត់ចំនួនទឹកប្រាក់ទូទាត់ KHQR របស់លោកអ្នកដោយសេរី
Download APP
កម្មវិធីធនាគារចល័តរបស់ធនាគារ កាថេ យូណៃធីត ត្រូវបានធ្វើអោយប្រសើរឡើងដើម្បីដំណើរការលើ ស្មាតហ្វូន និងថេប្លេត Android , Apple iPhone, iPod Touch, iPad និង BlackBerry។

សំណួរដែលសួរញឹកញាប់
១. ហេតុអ្វីខ្ញុំគួរជ្រើសរើស សេវាធនាគារចល័តរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក?
សេវាកម្មធនាគារតាមអនឡាញរបស់យើងខ្ញុំមានអត្ថប្រយោជន៍ជាច្រើន លោកអ្នកអាចទទួលបានព័ត៌មានចុងក្រោយបំផុតអំពីគណនីធនាគារ CUBC របស់លោកអ្នក មានដូចជា ប្រតិបត្តិការកាតឥណពន្ធ និងកាតឥណទាន, ការទូទាត់វិក្កយបត្រ ការផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់តាមទូរស័ព្ទចល័តរបស់លោកអ្នក និងមុខងារជាច្រើនទៀត។ លោកអ្នកអាចប្រើប្រាស់គណនី CUBC របស់លោកអ្នក បានគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយទំនុកចិត្ត ហើយវាជួយសន្សំសំចៃពេលវេលាច្រើនក្នុងការធ្វើប្រតិបត្តិការគណនីធនាគាររបស់លោកអ្នកតាមប្រព័ន្ធអនឡាញដោយមិនចាំបាច់ទៅតម្រង់ជួរនៅសាខាធនាគាររបស់យើងខ្ញុំនោះទេ។ លើសពីនេះទៀត សេវាកម្មធនាគារចល័តរបស់យើងខ្ញុំផ្ដល់ជូននូវសុវត្ថិភាព និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការ។
២. តើខ្ញុំត្រូវបង់ប្រាក់ដើម្បីប្រើប្រាស់សេវាកម្មធនាគារចល័តរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ដែរឬទេ?
សម្រាប់ការចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារចល័តរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.កមិនមានគិតថ្លៃសេវានោះទេ។ ថ្លៃសេវាត្រូវបានគិតនៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការទៅលើការផ្ទេរប្រាក់តាមធនាគារ -ល-។
៣. តើខ្ញុំអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់អ្វីខ្លះ?
លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដូចខាងក្រោម៖
- ការផ្ទេរប្រាក់ទៅគណនីធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ផ្ទាល់ខ្លួនរបស់លោកអ្នក
- ការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.កផ្សេងទៀត
- ការផ្ទេរប្រាក់ទៅគណនីធនាគារផ្សេងៗទៀតក្នុងប្រទេសកម្ពុជា
- ការផ្ទេរប្រាក់ទៅគណនីធនាគារផ្សេងទៀតនៅក្រៅប្រទេស
សុវត្ថិភាព
កម្មវិធីធនាគារចល័តរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ផ្តល់ជូនលោកអ្នកនូវការគ្រប់គ្រងហិរញ្ញវត្ថុដោយសុវត្ថិភាពតាមស្មាតហ្វូន និងថេប្លេត ។ គ្មានព័ត៌មានគណនី ឬព័ត៌មាននៃការចូលប្រើប្រាស់ ត្រូវបានរក្សាទុកនៅលើឧបករណ៍ចល័តរបស់អ្នកទេ ហើយនៅកន្លែងនៃសកម្មភាពចាកចេញ ត្រូវបានបន្ថែមនូវវិធានការសុវត្ថិភាព។ ដើម្បីការពារព័ត៌មានគណនីរបស់លោកអ្នក លោកអ្នកត្រូវបានតម្រូវអោយផ្ទៀងផ្ទាត់នៅលើឧបករណ៍ចល័តនីមួយៗដោយប្រើព័ត៌មានដូចគ្នាដែលអ្នកបានប្រើដើម្បីចូលទៅក្នុងធនាគារអនឡាញរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ពីកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នក។ ការទំនាក់ទំនងទាំងអស់រវាងឧបករណ៍ចល័តរបស់អ្នក និងម៉ាស៊ីនមេធនាគារចល័តត្រូវបានបំប្លែង ហើយពាក្យសម្ងាត់ និងព័ត៌មានគណនីរបស់អ្នកមិនត្រូវបានរក្សាទុកនៅលើឧបករណ៍ចល័តទេ។
ខចែង និងលក្ខខណ្ឌ
សូមចុចទីនេះ ដើម្បីអានពីសុវត្ថិភាពឯកជនភាពរបស់ធនាគារយើងខ្ញុំសម្រាប់កម្មវិធីធនាគារចល័ត។
ខចែងនិងលក្ខខណ្ឌនៃគណនីឌីជីថល
1. សេចក្ដីណែនាំ
ខចែងនិងលក្ខខណ្ឌគឺជា “កិច្ចព្រមព្រៀង” រវាងអតិថិជនរបស់ធនាគារ “លោកអ្នក”,“អតិថិជន” និង ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក (តទៅនេះហៅថា “ធនាគារ”) ទាក់ទងនឹងការប្រើប្រាស់គណនីឌីជីថលរបស់ធនាគារ ដែលបង្កើតនៅក្នុងកម្មវិធីធនាគារចល័តរបស់ធនាគារកាថេ។ ខចែងនិងលក្ខខណ្ឌនឹងត្រូវបានអនុវត្តភ្លាមៗ ហើយលោកអ្នកត្រូវបានចាត់ទុកថាព្រមទទួលយកលក្ខខណ្ឌទាំងនេះ មុនពេលដែលលោកអ្នកអាចប្រើប្រាស់សេវាកម្មនេះ។ វាមានសារៈសំខាន់ណាស់ដែលលោកអ្នកត្រូវអានលក្ខខណ្ឌទាំងនេះ មុនពេលលោកអ្នកប្រើប្រាស់គណនីឌីជីថល។ ដោយចុចលើពាក្យ “យល់ព្រម” មានន័យថាលោកអ្នកយល់ព្រមតាមលក្ខខណ្ឌទាំងអស់នៅក្នុងកិច្ចព្រមព្រៀងនេះ ហើយទទួលយកការទទួលខុសត្រូវក្នុងការបង្កើតគណនីឌីជីថលជាមួយធនាគារ។
2. និយមន័យ
- ធនាគារ: សំដៅដល់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក
- កម្មវិធីធនាគារចល័តរបស់ធនាគារ: សំដៅលើកម្មវិធីទូរស័ព្ទរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក
- គណនីឌីជីថល: សំដៅលើគណនីដែលបានបើក តាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ដោយអតិថិជនថ្មី
- ការដំឡើងគណនីឌីជីថល: សំដៅលើអតិថិជនដែលប្រើគណនីឌីជីថល បន្ទាប់មកពួកគេចង់ធ្វើដំឡើងគណនីឌីជីថលរបស់ពួកគេ ដើម្បីអាចដំណើរការមុខងារពេញលេញជាគណនីសន្សំ។
3. លក្ខខណ្ឌពេញសិទ្ធិ
- ត្រូវមានអាយុយ៉ាងតិច 18 (ដប់ប្រាំបី) ឆ្នាំ
- សម្រាប់សញ្ជាតិខ្មែរតែប៉ុណ្ណោះ
- អត្តសញ្ញាណប័ណ្ណខ្មែរដែលមានសុពលភាព និងជាច្បាប់ដើម (NID)
- ជាអតិថិជនថ្មី (ឯកបុគ្គល) ដែលបើកគណនីដំបូងជាមួយធនាគារ តាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារកាថេ។
4. លក្ខខណ្ឌតម្រូវ
- មិនមានការ jailbreak ឬ root ទៅលើស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ឬ Android
- កម្រិតកាមេរ៉ាមានគុណភាពល្អ ដើម្បីថតរូបអត្តសញ្ញាណប័ណ្ណ និង ថតរូប Selfie ច្បាស់
5. ព័ត៌មានផ្ទាល់ខ្លួន និងការសម្ងាត់
- លោកអ្នកធានាថាព័ត៌មានទាំងអស់ដែលបានផ្តល់ជូនគឺពិតជាត្រឹមត្រូវ។ នៅពេលធនាគារត្រូវការបន្ថែមលើព័ត៌មានផ្ទាល់ខ្លួនឬអាជីវកម្មរបស់លោកអ្នកដែលចាំបាច់ ហើយក្នុងករណីណាមួយដែលលោកអ្នកបដិសេធ ឬពន្យារពេលក្នុងការផ្ដល់ជូន នោះលោកអ្នកយល់ព្រមឱ្យធនាគារផ្អាកសេវាកម្មទាំងអស់របស់លោកអ្នក ឬផ្នែកណាមួយ។
- ធនាគារចាត់ទុកឯកជនភាពរបស់លោកអ្នកជាសំខាន់។ រាល់ព័ត៌មានទាំងអស់របស់លោកអ្នក ដែលបានផ្តល់ជូនធនាគារ នឹងត្រូវបានរក្សាទុកជាការសម្ងាត់ និងរក្សាសុវត្ថិភាពដោយខាងធនាគារ។ ប្រសិនបើលោកអ្នកជ្រើសរើសប្រើប្រាស់សេវាកម្មទាំងនេះ នោះលោកអ្នកយល់ព្រមនឹងគោលការណ៍ឯកជនភាពរបស់កម្មវិធីធនាគារចល័តរបស់ធនាគារ។
- ធនាគារនឹងខិតខំប្រឹងប្រែង ដើម្បីរក្សាបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ដើម្បីជាកិច្ចសហការជាមួយធនាគារ សូមជូនដំណឹងមកកាន់ធនាគារអំពីការផ្លាស់ប្តូរណាមួយនៃព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានលម្អិតអំពីអាជីវកម្មរបស់លោកអ្នក។
- ធនាគាររក្សាសុវត្ថិភាព និងភាពសម្ងាត់នៃព័ត៌មានរបស់លោកអ្នក។ ប៉ុន្តែធនាគាររក្សាសិទ្ធិក្នុងការបង្ហាញព័ត៌មាននេះទៅកាន់អាជ្ញាធរ ដោយអនុលោមទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារយើងខ្ញុំ អាចចែករំលែកព័ត៌មានដែលពាក់ព័ន្ធ (ដូចជាការគ្រប់គ្រងព័ត៌មាន) ជាមួយ Cathay Financial Group (រាប់បញ្ចូលទាំង ប៉ុន្តែមិនកំណត់ចំពោះ CUB និងក្រុមហ៊ុនដែលពាក់ព័ន្ធ និងភ្នាក់ងារខាងក្រៅដែលត្រូវបានប្រគល់ឱ្យដោយធនាគារដើម្បីដោះស្រាយកិច្ចការ) ដោយសារតែតម្រូវការនៃការអនុវត្ត CUBC mBanking ។
6. រូបិយប័ណ្ណ
ធនាគារផ្តល់នូវរូបិយប័ណ្ណ ប្រាក់រៀល និង ប្រាក់ដុល្លារក្នុងពេលតែមួយសម្រាប់អតិថិជន នៅពេលមានការស្នើសុំបើកគណនីឌីជីថលតាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ។
7. សេវាកម្មដែលមានសម្រាប់គណនីឌីជីថល
- នៅពេលបញ្ចប់ការស្នើសុំគណនីឌីជីថលដោយជោគជ័យ អតិថិជនអាចប្រើប្រាស់សេវាកម្ម ធនាគារ រួមមានដូចជា ការទូទាត់ ផ្ទេរប្រាក់ បើកប្រាក់បញ្ញើមានកាលកំណត់តាមអ៊ីនធឺណិត និងសេវាកម្ម ផ្សេងទៀតដែលមានក្នុងគណនីឌីជីថល។
- ធនាគាររក្សាសិទ្ធិក្នុងការបន្ថែម ដកចេញ ឬលុបសេវាកម្មណាមួយនៅក្នុងគណនីឌីជីថល នៅ ពេលណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន និង/ឬ មានការយល់ព្រមពីអតិថិជន។
8. ការកំណត់ចំនួនទឹកប្រាក់នៃគណនីឌីជីថលសម្រាប់ប្រតិបត្តិការដកប្រាក់/ផ្ទេរប្រាក់
- ការកំណត់ប្រចាំថ្ងៃសម្រាប់ប្រតិបត្តិការដក ប្រាក់/ផ្ទេរប្រាក់ថ្ងៃ
(អតិបរមា) USD 10,000.00
(អតិបរមា) KHR 40,000,000.00 - ការកំណត់ប្រចាំខែសម្រាប់ប្រតិបត្តិការដកប្រាក់/ផ្ទេរប្រាក់
(អតិបរមា) USD 50,000.00
(អតិបរមា) KHR 200,000,000.00
ចំណាំ៖ សម្រាប់គណនីឌីជីថលមិនមានការកំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការចូលគណនីទេ។
9. អត្រាការប្រាក់
លោកអ្នក យល់ព្រម និងទទួលស្គាល់ថាអត្រាការប្រាក់នៃគណនីឌីជីថល អាចនឹងមានការផ្លាស់ប្តូរ/កែប្រែពីពេលមួយទៅពេលមួយ ផ្អែកលើការសម្រេចចិត្តរបស់ធនាគារ ដើម្បីស្របតាមស្ថានភាពតម្រូវជាក់ ស្តែងក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ធនាគារ និងអាចមានការជូនដំណឹង ឬស្នើរសុំការយល់ព្រមពីលោក/លោកស្រី (ប្រសិនបើតម្រូវដោយច្បាប់ និងបទប្បញ្ញតិ្ដពាក់ព័ន្ធ) ចំពោះរាល់ការប្រែប្រួលអត្រាការប្រាក់របស់គណនីឌីជីថល ។
10. ថ្លៃសេវានិងកម្រៃ
លោកអ្នកយល់ព្រមថា ធនាគារអាចកាត់ថ្លៃសេវានិងកម្រៃ ដែលអនុវត្តសម្រាប់ប្រតិបត្តិការដែលបានធ្វើឡើងក្នុងគណនីឌីជីថលរបស់លោកអ្នកដោយផ្ទាល់។ ថ្លៃសេវានិងកម្រៃ អាចត្រូវបានផ្លាស់ប្ដូរពីពេលមួយទៅពេលមួយដោយខាងធនាគារ ទាក់ទងនឹងការប្រើប្រាស់គណនីឌីជីថល។ ព័ត៌មានលម្អិតអំពីតម្លៃសេវានិងកម្រៃបច្ចុប្បន្នរបស់ធនាគារ មានបង្ហាញនៅក្នុងតារាងណែនាំអំពីតម្លៃ ឬនៅលើគេហទំព័ររបស់ធនាគារ ហើយមុនពេលបង្កើតគណនីឌីជីថល និង/ឬ ធ្វើប្រតិបត្តិការណាមួយ លោកអ្នកយល់ព្រមពិនិត្យលើតម្លៃសេវានិងកម្រៃបច្ចុប្បន្ន ហើយលោកអ្នកយល់ព្រមទទួលយកតម្លៃសេវានិងកម្រៃលើការធ្វើប្រតិបត្តិការ។
11. ការដំឡើងគណនីឌីជីថល
- ការដំឡើងពីគណនីឌីជីថលទៅជាគណនីធនាគារស្តង់ដារ (គណនីដែលបើកនៅបញ្ជរធនាគារ) ត្រូវបានណែនាំនិងលើកទឹកចិត្តដល់អតិថិជនទាំងអស់។ លោកអ្នកនឹងតម្រូវឱ្យអញ្ជើញទៅកាន់សាខាធនាគារដែលនៅជិតបំផុត ដើម្បីធ្វើការដំឡើងគណនី។
- លោកអ្នកត្រូវផ្តល់ឯកសារតម្រូវផ្សេងទៀតដែលស្នើសុំដោយ CUBC សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវគណនីឌីជីថល។
- លោកអ្នកបានទទួលស្គាល់ថាសំណើរបស់លោកអ្នកសម្រាប់ការប្រើសេវាកម្មពេញលេញអាចត្រូវបានយល់ព្រម ឬបដិសេធដោយការពិចារណា និងការសម្រេចចិត្តជាឯកត្តោរបស់ធនាគារ។
- លោកអ្នកទទួលយក និងយល់ព្រមថា បន្ទាប់ពីការដំឡើងគណនីឌីជីថល ប្រតិបត្តិការទាំងអស់នឹងត្រូវបានផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ដោយអនុលោមតាមប្រតិបត្តិការរបស់គណនីសន្សំ។
12. ការផ្អាក និងបញ្ឈប់ដំណើរការគណនី
- លោកអ្នកអាចបញ្ឈប់ដំណើរការគណនីឌីជីថលរបស់លោកអ្នក ដោយអញ្ជើញទៅកាន់សាខារបស់ធនាគារដែលនៅជិតបំផុត។
- លោកអ្នកទទួលនិងយល់ព្រមថាធនាគាររក្សាសិទ្ធិក្នុងការបិទនិងផ្អាកគណនី ប្រសិនបើក្នុងករណីមានប្រតិបត្តិការមិនប្រក្រតីត្រូវបានរកឃើញ។
- ធនាគារអាចផ្អាក ឬបញ្ឈប់ប្រតិបត្តិការគណនីឌីជីថលរបស់លោកអ្នក ដោយមិនចាំបាច់ជូនដំណឹងជាមុន ប្រសិនបើធនាគារពិចារណា ឬសង្ស័យ ឬរកឃើញថាលោកអ្នកបានផ្តល់ព័ត៌មានមិនពិត ឬមិនត្រឹមត្រូវ ឬរូបថតមិនត្រឹមត្រូវ ឬធនាគារទទួលបានការជូនដំណឹងពីភាគីទីបីអំពីការទាមទារទាក់ទងនឹងគណនីឌីជីថល។ ក្នុងករណីនេះ លោកអ្នកត្រូវតែសហការឱ្យបានពេញលេញដែលតម្រូវដោយធនាគារ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះលោកអ្នក រាល់ការបាត់បង់ណាមួយដែលបណ្តាលមកពីការផ្អាក ឬការបញ្ឈប់បែបនេះឡើយ។
13. គណនីឌីជីថលអសកម្ម
ប្រសិនបើគណនីរបស់លោកអ្នកមិនមានសកម្មភាពប្រតិបត្តិការរយៈពេល 12 (ដប់ពីរ) ខែ ឬច្រើនជាងនេះ គិតចាប់ពីកាលបរិច្ឆេទបង្កើត ឬកាលបរិច្ឆេទប្រតិបត្តិការចុងក្រោយ (មិនរាប់បញ្ចូលប្រតិបត្តិការប្រព័ន្ធ) នោះគណនីរបស់លោកអ្នកនឹងត្រូវចាត់ទុកជាគណនីអសកម្ម ហើយធនាគារនឹងចាត់វិធានការដូចខាងក្រោម៖
- គណនីរបស់លោកអ្នកមិនអនុញ្ញាតឱ្យធ្វើការដាក់ប្រាក់ចូល ឬដកប្រាក់ចេញពីគណនីនេះទេ លុះត្រាតែស្ថានភាពរបស់គណនីត្រូវបានផ្លាស់ប្តូរពី “អសកម្ម” មកជា “សកម្ម” វិញ។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរស្ថានភាពនេះ លោកអ្នកនឹងត្រូវស្នើសុំការផ្លាស់ប្ដូរស្ថានភាព។
- គណនីអសកម្មនឹងត្រូវគិតថ្លៃសេវាប្រចាំឆ្នាំ។ ថ្លៃសេវាអសកម្មគឺលម្អិតនៅក្នុង "ការណែនាំអំពីតម្លៃដាក់ប្រាក់" នៅលើគេហទំព័ររបស់ធនាគារ។
- ធនាគាររក្សាសិទ្ធិក្នុងការបិទគណនីរបស់លោកអ្នកដោយមិនចាំបាច់ជូនដំណឹងជាមុន ប្រសិនបើគណនីនេះអសកម្មលើសពី ១ ឆ្នាំ និងមានសមតុល្យសូន្យ។
14. កាតព្វកិច្ចប្រឆាំងការលាងសម្អាតប្រាក់ និងទប់ស្កាត់ហិរញ្ញប្បទានភេរវកម្ម
- ប្រតិបត្តិការអាចនឹងត្រូវពន្យារពេល រារាំង បង្កក ឬបដិសេធ ក្នុងករណីដែលធនាគារមានហេតុផលគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា ប្រតិបត្តិការទាំងនោះបំពានច្បាប់ ឬរងទណ្ឌកម្មជាធរមាន (ច្បាប់ ឬទណ្ឌកម្មនៃប្រទេសផ្សេងទៀត) ។ ក្នុងករណីដែលប្រតិបត្តិការត្រូវបានពន្យារពេល រារាំង បង្កក ឬបដិសេធ ធនាគារ និងធនាគារទំនាក់ទំនងឆ្លើយឆ្លង មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលលោកអ្នកទទួលរងឡើយ (រួមទាំងការខាតបង់ដោយប្រយោលណាមួយ) ដែលបង្កឡើងក្នុងរូបភាពណាក៏ដោយ ពាក់ព័ន្ធនឹងផលិតផលណាមួយ។
- ក្នុងករណីខ្លះធនាគារអាចនឹងត្រូវការព័ត៌មានបន្ថែមពីលោកអ្នក ដើម្បីចូលរួមជួយផ្ដល់ការសហការដល់ធនាគារក្នុងដំណើរការប្រតិបត្តិតាម ដែលបានរៀបរាប់ខាងលើ។
- សកម្មភាពមូលដ្ឋានដែលផលិតផលណាមួយ កំពុងត្រូវបានផ្តល់ឱ្យ មិនត្រូវបានប្រើប្រាស់ដោយបំពានលើច្បាប់ ឬទណ្ឌកម្មជាធរមានទេ។
15. ការរក្សាសុវត្ថិភាព និងការប្រើប្រាស់កម្មវិធីធនាគារចល័ត
នៅពេលធ្វើការកំណត់ពាក្យសម្ងាត់ក្នុងកម្មវិធីធនាគារចល័តក្នុងទូរស័ព្ទដៃរបស់លោកអ្នក លោកអ្នកត្រូវធ្វើការប្រុងប្រយ័ត្នទៅលើការទុកដាក់ ការប្រើប្រាស់ និងការរក្សាសុវត្ថិភាពពាក្យសម្ងាត់។ លោកអ្នកមិន ត្រូវបង្ហាញ ឬអនុញ្ញាតឱ្យតតិយជនណាមួយ ដឹងពីពាក្យសម្ងាត់ចូលប្រើប្រាស់គណនីឌីជីថលឡើយ ដើម្បីធានាសុវត្ថិភាពទឹកប្រាក់ក្នុងគណនីរបស់លោកអ្នក។ លោកអ្នកត្រូវទទួលខុសត្រូវលើការខាតបង់ ទាំងស្រុង ដែលបណ្ដាលមកពីការប្រើប្រាស់ដោយក្លែងបន្លំ ឬការធ្វេសប្រហែសក្នុងការប្រើប្រាស់ ពាក្យសម្ងាត់ដោយតតិយជន លុះត្រាតែការខាតបង់នោះត្រូវបានបញ្ជាក់ថា បណ្ដាលមកពីការធ្វេសប្រហែសរបស់ធនាគារ ក្នុងការអនុវត្តកាតព្វកិច្ចការពារសុវត្ថិភាពព័ត៌មានពាក្យសម្ងាត់របស់លោកអ្នក នៅក្នុងប្រព័ន្ធត្រួតពិនិត្យព័ត៌មានរបស់ធនាគារ។
16. ការអាក់ដំណើរការសេវាកម្ម
ប្រសិនបើលោកអ្នករកឃើញ ឬសង្ស័យថាអត្តសញ្ញាណរបស់លោកអ្នកត្រូវបានលួចដោយអ្នកដ៏ទៃ ឬការបាត់បង់ណាមួយដែលធ្វើឡើងដោយលោកអ្នក ដូចជានៅពេលដែលសេវាកម្មមិនអាចប្រើបានជា បណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធ ឬឧបករណ៍ចាំបាច់សម្រាប់សេវាកម្មណាមួយនៃគណនីឌីជីថលមិនដំណើរការ លោកអ្នកគួរតែជូនដំណឹងមកធនាគារភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ ការជូនដំណឹងនេះមិនត្រូវបកស្រាយថាជាការទទួលខុសត្រូវ ឬកាតព្វកិច្ចរបស់ធនាគារសម្រាប់សំណង ឬសំណងដល់អតិថិជននោះទេ។
17. ប្រសិទ្ធភាពការធ្វើប្រតិបត្តិការ
ការធ្វើប្រតិបត្តិការរបស់លោកអ្នកក្នុងគណនីឌីជីថល មានប្រសិទ្ធភាពដូចគ្នាទៅនឹងការធ្វើប្រតិបត្តិការនៅតាមបញ្ជររបស់ធនាគារដែរ។
18. ការកែប្រែខចែង និងលក្ខខណ្ឌតម្រូវ
ធនាគារអាចនឹងមានការកែប្រែនូវខចែង និងលក្ខខណ្ឌតម្រូវ នៅពេលណាមួយ។ ក្នុងករណីនេះ ធនាគារនឹងផ្ដល់ពេលវេលាជូនដំណឹងសមស្រប ដែលតម្រូវដោយច្បាប់ជាធរមាន និងធ្វើការជូនដំណឹងអំពីការផ្លាស់ប្ដូរទាំងនោះ ដោយធ្វើការទំនាក់ទំនងទៅអតិថិជនដោយផ្ទាល់ បិទផ្សាយនៅតាមសាខា ធ្វើការជូនដំណឹងនៅលើកម្មវិធីទូរសព្ទ ឬ លើគេហទំព័ររបស់ធនាគារ។
19. ច្បាប់គ្រប់គ្រង និងដំណោះស្រាយ
ខចែងនិងលក្ខខណ្ឌត្រូវបានគ្រប់គ្រងដោយច្បាប់ដែលចែងជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។សម្រាប់ការបើកគណនីឌីជីថលតាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ យើងខ្ញុំយល់ថាពេលខ្លះអាចនឹងមានកំហុសកើតឡើង នៅពេលលោកអ្នកកំពុងធ្វើការចុះឈ្មោះស្នើសុំ។ នៅពេលដែលបញ្ហាទាំងនេះកើតឡើង ធនាគារនឹងកំណត់មូលហេតុនៃកំហុស នឹងផ្ដល់ជូនជាមួយនឹងដំណោះស្រាយដ៏ល្អបំផុត។
ប្រសិនបើលោកអ្នកមានសំណួរទាក់ទងនឹងការចុះឈ្មោះ សូមទាក់ទងភ្លាមៗទៅកាន់ សេវាទំនាក់ទំនងរបស់ធនាគារ តាមរយៈលេខ៖ (855)23 88 55 00 ។
លក្ខខណ្ឌនៃសេវាកម្មសម្រាប់ការកំណត់អត្តសញ្ញាណ
លក្ខខណ្ឌនៃសេវាកម្មសម្រាប់ការកំណត់អត្តសញ្ញាណ (ដែលសំដៅទៅលើ "លក្ខខណ្ឌនៃសេវាកម្ម") ត្រូវបានកំណត់ដោយធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក (ដែលសំដៅទៅលើ "ធនាគារ") ទាក់ទងនឹងការប្រើប្រាស់ការសម្គាល់ទម្រង់មុខ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ នៅពេលលោកអ្នកប្រើទូរស័ព្ទចល័តផ្ទាល់ខ្លួនរបស់លោកអ្នក ឬឧបករណ៍អេឡិចត្រូនិកដែលកំណត់ដោយធនាគារ នោះមានន័យថាលោកអ្នកមានពេលវេលាសមស្របដើម្បីពិនិត្យមើល និងយល់ព្រមតាមលក្ខខណ្ឌនៃសេវាកម្ម ហើយចាត់ទុកថាលោកអ្នកទទួលខុសត្រូវរាល់ការកើតឡើងទាំងអស់។ លោកអ្នកយល់ព្រមថា ធនាគាររក្សាសិទ្ធិក្នុងការកំណត់អត្តសញ្ញាណរបស់លោកអ្នកនិងសេវាកម្ម។ សូមមេត្តាអានលក្ខខណ្ឌនៃសេវាកម្មខាងក្រោមដោយប្រុងប្រយ័ត្ន។ ប្រសិនបើលោកអ្នកយល់ច្បាស់ និងព្រមឯកភាព សូមមេត្តាចុចក្នុងប្រអប់ដើម្បី “យល់ព្រម”:
ការកំណត់អត្តសញ្ញាណ និងការណែនាំ
នៅពេលដែលលោកអ្នកទទួលយក និងយល់ព្រមតាមលក្ខខណ្ឌនៃសេវាកម្ម។ ធនាគារនឹងផ្ទៀងផ្ទាត់ទម្រង់មុខដែលបានចុះឈ្មោះជាមួយនឹងអត្តសញ្ញាណប័ណ្ណច្បាប់ដើម (NID) ដែលផ្តល់ដោយលោកអ្នក ដើម្បីធានាសុវត្ថិភាពនៃការប្រើប្រាស់សេវាកម្មរបស់លោកអ្នក។ ដើម្បីចាប់ផ្តើមការផ្ទៀងផ្ទាត់អត្តសញ្ញាណ (រូបថត Selfie និងកាត NID ច្បាប់ដើម) លោកអ្នកត្រូវធ្វើដូចខាងក្រោម៖
- ដាក់រូបថតនៅទីតាំងដែលមានពន្លឺគ្រប់គ្រាន់ ច្បាស់ និងស្អាត
- ត្រូវប្រាកដថារូបថតស្ថិតនៅក្នុងទម្រង់ផ្ដេក។
លោកអ្នកយល់ព្រមគោរពតាមលក្ខខណ្ឌដូចខាងក្រោម
១. អត្តសញ្ញាណប័ណ្ណច្បាប់ដើម (NID) មួយ អាចភ្ជាប់បានសម្រាប់តែការចុះឈ្មោះប្រើប្រាស់ទម្រង់មុខរបស់លោកអ្នកមួយប៉ុណ្ណោះ។ ធនាគារមានសិទ្ធិក្នុងការ "បញ្ចប់" ដំណើរការនៃការកំណត់អត្តសញ្ញាណ ប្រសិនបើចំនួននៃការសម្គាល់ទម្រង់មុខ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណដែលធ្វើឡើងដោយលោកអ្នកមិនជោគជ័យជាប់ៗគ្នា បានឈានដល់កម្រិតកំណត់របស់ប្រព័ន្ធ។ ដើម្បីបន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណ លោកអ្នកអាចអនុវត្តតាមវិធីសាស្រ្តដែលបានកំណត់ដោយធនាគារនៅទំព័រចូលប្រើប្រាស់ដំបូង។
២. លោកអ្នកធានា និងអះអាងថារាល់ព័ត៌មានទាំងអស់ដែលបានផ្តល់ឱ្យគឺពិតប្រាកដ និងត្រឹមត្រូវ។
៣. នៅពេលដែលលោកអ្នកយល់ព្រមនឹងលក្ខខណ្ឌនៃសេវាកម្មនេះ នោះមានន័យថាលោកអ្នកយល់ព្រមនឹងគោលការណ៍ឯកជនភាពរបស់សេវាធនាគារចល័ត (CUBC mBanking) ។ប្រសិនបើលោកអ្នកមានចម្ងល់អំពីសេវាកម្មនេះ សូមទាក់ទងទៅកាន់សេវាអតិថិជនរបស់យើងខ្ញុំតាមរយៈលេខ ០២៣ ៨៨ ៥៥ ០០។
ការទទួលខុសត្រូវរបស់លោកអ្នក
ក្នុងករណីដែលលោកអ្នករកឃើញឬសង្ស័យថាមានការលួចបន្លំប្រើប្រាស់ដោយភាគីទីបី លោកអ្នកត្រូវជូនដំណឹងមកកាន់ធនាគារជាបន្ទាន់ ដើម្បីបញ្ឈប់ការប្រើប្រាស់សេវាកម្ម និងចាត់វិធានការការពារដោយប្រុងប្រយ័ត្ន។ លោកអ្នកនឹងត្រូវទទួលខុសត្រូវចំពោះការខូចខាតដោយសារការប្រើប្រាស់ខុស ឬការលួចបន្លំណាមួយដោយភាគីទីបី ក៏ដូចជាការខូចខាតណាមួយដែលកើតឡើងចំពោះធនាគារ។
ការប្រើប្រាស់សេវាកម្ម និងការធ្វើបច្ចុប្បន្នភាព
ប្រសិនបើធនាគារយល់ថាជាការចាំបាច់ (ដោយអាចរាប់បញ្ចូលប៉ុន្តែមិនកំណត់ចំពោះតម្រូវការអាជីវកម្ម) ធនាគារអាចស្នើសុំឱ្យលោកអ្នកធ្វើបច្ចុប្បន្នភាពលើការសម្គាល់ទម្រង់មុខ និងឯកសារអត្តសញ្ញាណដែលបានផុតកំណត់នៅពេលណាមួយបាន។ លោកអ្នកអាចអនុវត្តតាមវិធីសាស្រ្តដែលបានកំណត់ដោយធនាគារដើម្បីធ្វើបច្ចុប្បន្នភាពលើការសម្គាល់ទម្រង់មុខ និងឯកសារអត្តសញ្ញាណដែលបានផុតកំណត់។
ការផ្លាស់ប្តូរ និងការបញ្ចប់សេវាកម្ម
ធនាគារអាចផ្លាស់ប្តូរ បញ្ឈប់ ឬបញ្ចប់សេវាកម្ម នៅពេលមានការប្រកាសនៅលើគេហទំព័ររបស់ធនាគារ ដោយសារការផ្លាស់ប្តូរច្បាប់ ការបង្គាប់បញ្ជាពីអាជ្ញាធរមានសមត្ថកិច្ច ឬហេតុផលស្របច្បាប់ផ្សេងទៀត។ បញ្ហាផ្សេងទៀតដែលមិនត្រូវបានគ្របដណ្ដប់នៅទីនេះ (ដូចជាលក្ខខណ្ឌនៃពាក្យសម្ងាត់របស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ឬដែនកំណត់នៃការផ្ទេរប្រាក់ជាដើម) នឹងស្ថិតនៅក្រោមកិច្ចព្រមព្រៀងនិងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ធនាគារ។
ការផ្ទៀងផ្ទាត់ (Biometric) និងការចូលប្រើប្រាស់ (ខចែងនិងលក្ខខណ្ឌ)
សូមអានខចែងនិងលក្ខខណ្ឌខាងក្រោមដោយយកចិត្តទុកដាក់។ ប្រសិនបើលោកអ្នកយល់ច្បាស់ និង ព្រមឯកភាព សូមមេត្តាចុចក្នុងប្រអប់ដើម្បី “យល់ព្រម”
- ការផ្ទៀងផ្ទាត់ (Biometric) សំដៅទៅលើស្នាមក្រយៅដៃ ការសម្គាល់ទម្រង់មុខ និងមធ្យោបាយផ្សេងទៀតដែលក្រុមហ៊ុនផលិតទូរស័ព្ទចល័តអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេក្នុងគោលបំណងសំរាប់ដោះសោរទូរស័ព្ទចល័តរបស់ពួកគេ និងការចូលទៅកាន់កម្មវិធីជាក់លាក់ណាមួយរួមទាំងសេវាធនាគារចល័តរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក (សំដៅដល់ “សេវាធនាគារចល័ត”)។
- លោកអ្នកយល់ព្រមក្នុងការប្រើប្រាស់មុខងារផ្ទៀងផ្ទាត់ (Biometric) ដែលភ្ជាប់មកជាមួយ (ដោយអាចរាប់បញ្ចូលរាល់ការប្រើប្រាស់ ដោយមិនកំណត់ចំពោះ Touch ID របស់ Apple iOS 9 ឬខ្ពស់ជាងនេះ ការសម្គាល់ស្នាមក្រយៅដៃ/ទម្រង់មុខ/ភ្នែក របស់ Google's Android 6.0 ឬខ្ពស់ជាងនេះ) នៅក្នុងទូរស័ព្ទចល័តរបស់លោកអ្នកជាមធ្យោបាយមួយ ក្នុងការផ្ទៀងផ្ទាត់និងអនុម័តភាពត្រឹមត្រូវ ដើម្បីប្រើប្រាស់សេវាធនាគារចល័ត។
- នៅពេលដែលលោកអ្នកបានយល់ព្រមទៅលើខចែងនិងលក្ខខណ្ឌ ហើយបន្ទាប់ពីលោកអ្នកបានបញ្ចូលពាក្យសម្ងាត់ SMS OTP និងការដំណើរការមុខងារផ្ទៀងផ្ទាត់ (Biometric) ជោគជ័យ ទូរស័ព្ទចល័តរបស់លោកអ្នកនឹងត្រូវបានចងភ្ជាប់ទៅជាមួយបច្ចេកវិទ្យា FIDO ដើម្បីផ្តល់ឱ្យលោកអ្នកនូវការផ្ទៀងផ្ទាត់កាន់តែមានសុវត្ថិភាពជាងមុន។ ប្រសិនបើកំណែទម្រង់ (Version) នៃទូរស័ព្ទចល័តរបស់លោកអ្នកមិនអាចគាំទ្រទៅនឹងកំណែទម្រង់ (Version) ដែលត្រូវបានកំណត់ដោយបច្ចេកវិទ្យា FIDO នោះ លោកអ្នកនឹងមិនអាចប្រើប្រាស់សេវាធនាគារចល័តបានទេ។ (សម្រាប់ព័ត៌មានបន្ថែមអំពីបច្ចេកវិទ្យា FIDO សូមចូលទៅកាន់គេហទំព័រ https://fidoalliance.org/)។
- ព័ត៌មានដែលប្រើក្នុងការផ្ទៀងផ្ទាត់ (Biometric) គឺមានតែមួយគត់ និងមិនអាចផ្លាស់ប្តូរបាន។ ដូច្នេះ សូមធ្វើការដំឡើង និងប្រើប្រាស់សេវាធនាគារចល័តដោយមានការប្រុងប្រយ័ត្ន និងថែរក្សាទូរស័ព្ទចល័តរបស់លោកអ្នកឱ្យបានត្រឹមត្រូវ។ ធនាគារ និងបច្ចេកវិទ្យា FIDO នឹងមិនរក្សាទុកព័ត៌មាន (រូបភាព/ទម្រង់មុខ/ស្នាមក្រយៅដៃ) របស់លោកអ្នកឡើយ។ ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាផ្ទៀងផ្ទាត់ (Biometric) សូមអានការណែនាំដែលផ្តល់ដោយក្រុមហ៊ុនផលិតឧបករណ៍របស់លោកអ្នក។
- នៅពេលដែលសេវាធនាគារចល័តត្រូវបានបើកអោយដំណើរការ លោកអ្នកត្រូវតែបើកដំណើរការសេវាធនាគារចល័តឡើងវិញដោយធ្វើតាមជំហានដូចគ្នា ប្រសិនបើលោកអ្នកចង់ប្តូរទៅទូរស័ព្ទចល័តថ្មី។
- ការផ្ទៀងផ្ទាត់ (Biometric) អាចបរាជ័យដោយសារតែដំណើរការខុសប្រក្រតីនៃទូរស័ព្ទចល័ត ម្រាមដៃសើម ឬកខ្វក់ ការផ្លាស់ប្តូររូបរាងផ្ទៃមុខ ពន្លឺ មុំកាមេរ៉ា ឬភាពខ្សោយនៃការតភ្ជាប់បណ្តាញ។ ប្រសិនបើចំនួននៃការចូលប្រើប្រាស់ ឬ ការអនុម័តប្រតិបត្តិការមិនជោគជ័យផ្ទួនៗគ្នាឈានដល់កម្រិតកំណត់ នោះលោកអ្នកអាចធ្វើតាមការណែនាំដូចខាងក្រោម៖
- ការចូលប្រើប្រាស់សេវាធនាគារចល័ត:
ក្នុងករណីឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ និងការផ្ទៀងផ្ទាត់ (Biometric) ត្រូវបានផ្អាក។
* លោកអ្នកត្រូវមកកាន់ការិយាល័យកណ្ដាលឬសាខាណាមួយ ឬអាចទំនាក់ទំនងមកសេវាអតិថិជន តាមរយៈ ០២៣ ៨៨ ៥៥ ០០ ដើម្បីបន្តការប្រើប្រាស់នូវ ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ និងការផ្ទៀងផ្ទាត់ (Biometric)។ - ការអនុម័តប្រតិបត្តិការ:
លោកអ្នកអាចប្រើប្រាស់លេខកូដសម្ងាត់ (PIN) ៤ (បួន) ខ្ទង់ ឬចូលធ្វើប្រតិបត្តិការឡើងវិញ។
- ការចូលប្រើប្រាស់សេវាធនាគារចល័ត:
- ធនាគារអាចស្នើសុំឱ្យលោកអ្នកធ្វើបច្ចុប្បន្នភាពលើព័ត៌មាន (Biometric) គ្រប់ពេល ដោយតំរូវការសម្រាប់អាជីវកម្ម លោកអ្នកអាចធ្វើបច្ចុប្បន្នភាពលើព័ត៌មាន (Biometric) បាន ដោយអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយធនាគារ។
- រាល់ប្រតិបត្តិការដែលបញ្ជាក់ដោយការប្រើប្រាស់ការផ្ទៀងផ្ទាត់ (Biometric) ដែលបានផ្ដល់ដោយសេវាធនាគារចល័ត និងវិធីសាស្រ្តផ្សេងទៀតដែលកំណត់ដោយធនាគារ នឹងត្រូវបានចាត់ទុកថាធ្វើឡើងដោយលោកអ្នក។ ប្រសិនបើលោកអ្នករកឃើញឬសង្ស័យថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នកត្រូវបានបន្លំប្រើប្រាស់ដោយភាគីទីបី លោកអ្នកត្រូវជូនដំណឹងភ្លាមៗមកកាន់ធនាគារដើម្បីបញ្ឈប់ការប្រើប្រាស់សេវាធនាគារចល័ត និងចាត់វិធានការការពារ ប្រសិនបើធនាគាររងការខូចខាតដោយប្រការណាមួយ លោកអ្នកនឹងត្រូវទទួលរ៉ាប់រងលើសំណង។
- លទ្ធផលនៃការផ្ទៀងផ្ទាត់គួរតែត្រូវបានពឹងផ្អែក ឬប្រើប្រាស់ដោយខាងធនាគារ នៅពេលដែលមានជម្លោះទាក់ទងនឹងការផ្ទៀងផ្ទាត់ (Biometric)។
- ធនាគារអាចផ្លាស់ប្តូរ បញ្ឈប់ ឬបញ្ចប់នូវការផ្ទៀងផ្ទាត់ (Biometric) នៅពេលប្រកាសនៅលើគេហទំព័ររបស់ធនាគារ ដោយសារការផ្លាស់ប្តូរច្បាប់ ឬបទប្បញ្ញត្តិដែលធ្វើអោយប៉ះពាល់ដល់សេវាធនាគារចល័ត លិខិតជូនដំណឹង ឬដីកាបង្គាប់ណាមួយពីអាជ្ញាធរមានសមត្ថកិច្ច ដែលមិនមែនជាបន្ទុករបស់ធនាគារ។
- ធនាគារអាចចែករំលែកព័ត៌មានដែលពាក់ព័ន្ធសម្រាប់ការផ្ទៀងផ្ទាត់ (Biometric) (ដូចជាព័ត៌មានសម្រាប់ការគ្រប់គ្រង) ជាមួយ Cathay Financial Group (ដោយអាចរាប់បញ្ចូលតែមិនកំណត់ចំពោះ CUB និងក្រុមហ៊ុនដែលពាក់ព័ន្ធ ឬភាគីខាងក្រៅដែលត្រូវបានផ្ដល់ទំនុកចិត្តដោយធនាគារ សម្រាប់ការស្វែងរកដំណោះស្រាយ) ដោយសារតម្រូវការនៃការអនុវត្តសម្រាប់សេវាធនាគារចល័ត។
- បញ្ហាផ្សេងទៀតដែលមិនត្រូវបានគ្របដណ្តប់នៅទីនេះ នឹងស្ថិតនៅក្រោមកិច្ចព្រមព្រៀងនិងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ធនាគារ។
សេវាផ្ទេរប្រាក់រហ័ស
សេវាផ្ទេរប្រាក់រហ័ស សំដៅដល់ការផ្ទេរប្រាក់ក្នុងស្រុកជារូបិយប័ណ្ណរៀល ទៅកាន់គណនីធនាគារក្នុងស្រុកផ្សេងទៀតដែលជាសមាជិករបស់ប្រព័ន្ធទូទាត់រហ័ស។
តាមរយៈការប្រើប្រាស់សេវាផ្ទេរប្រាក់រហ័ស ខ្ញុំបានយល់ព្រមទៅតាមលក្ខខណ្ឌផ្សេងៗដែលគ្រប់គ្រងទៅលើសេវាអេឡិចត្រូនិច គណនីសន្សំ គណនីចរន្ត ព្រមទាំងសេវាផ្ទេរប្រាក់ក្នុងស្រុក។
ខ្ញុំបានដឹងថាប្រតិបត្តិការរបស់ខ្ញុំ ត្រូវបានធ្វើឡើងដោយផ្អែកទៅលើអត្រាប្ដូរប្រាក់ក្នុងកំឡុងពេលធ្វើប្រតិបត្តិការ ដែលអាចខុសគ្នាពីអត្រាប្ដូរប្រាក់ដែលបានបង្ហាញលើគេហទំព័ររបស់ធនាគារ (CUBC)។
ខ្ញុំយល់ព្រមផ្តល់ជូននូវរាល់ឯកសារពាក់ព័ន្ធបន្ថែមដែលតម្រូវដោយធនាគារ (CUBC) ហើយខាងធនាគារ (CUBC) នឹងមិនទទួលខុសត្រូវចំពោះប្រតិបត្តិការណាមួយដែលមិនត្រូវបានធ្វើឡើង ដោយសារតែឯកសារតម្រូវមិនគ្រប់គ្រាន់នោះឡើយ។
ការផ្ទេរប្រាក់ក្នុងស្រុក
ការផ្ទេរប្រាក់ក្នុងស្រុក សំដៅដល់សេវាផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុកផ្សេងទៀត។
តាមរយៈការប្រើប្រាស់សេវាផ្ទេរប្រាក់ក្នុងស្រុក ខ្ញុំបានយល់ព្រមទៅតាមលក្ខខណ្ឌផ្សេងៗដែលគ្រប់គ្រងទៅលើសេវាអេឡិចត្រូនិច គណនីសន្សំ គណនីចរន្ត ព្រមទាំងសេវាផ្ទេរប្រាក់ក្នុងស្រុក។
ខ្ញុំបានដឹងថាប្រតិបត្តិការរបស់ខ្ញុំ ត្រូវបានធ្វើឡើងដោយផ្អែកទៅលើអត្រាប្ដូរប្រាក់ក្នុងកំឡុងពេលធ្វើប្រតិបត្តិការ ដែលអាចខុសគ្នាពីអត្រាប្ដូរប្រាក់ដែលបានបង្ហាញលើគេហទំព័ររបស់ធនាគារ (CUBC)។
ខ្ញុំយល់ព្រមផ្តល់ជូននូវរាល់ឯកសារពាក់ព័ន្ធបន្ថែមដែលតម្រូវដោយធនាគារ (CUBC) ហើយខាងធនាគារ (CUBC) នឹងមិនទទួលខុសត្រូវចំពោះប្រតិបត្តិការណាមួយដែលមិនត្រូវបានធ្វើឡើង ដោយសារតែឯកសារតម្រូវមិនគ្រប់គ្រាន់នោះឡើយ។
ខចែង
តាមរយៈការទាញយក ឬការប្រើប្រាស់កម្មវិធី លក្ខខណ្ឌទាំងនេះនឹងអនុវត្តចំពោះលោកអ្នកដោយស្វ័យប្រវត្តិ លោកអ្នកគួរតែប្រាកដថាលោកអ្នកបានអានវាដោយយកចិត្តទុកដាក់មុនពេលប្រើប្រាស់កម្មវិធី។ លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យចម្លង ឬកែប្រែកម្មវិធី ផ្នែកណាមួយនៃកម្មវិធី ឬពាណិជ្ជសញ្ញារបស់យើងតាមមធ្យោបាយណាមួយឡើយ។ លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យព្យាយាមទាញយកកូដដើមនៃកម្មវិធី ហើយលោកអ្នកក៏មិនគួរព្យាយាមបកប្រែកម្មវិធីទៅជាភាសាផ្សេងទៀត ឬបំលែងកម្មវិធីនោះទេ។ កម្មវិធី និងរាល់ពាណិជ្ជសញ្ញា ការរក្សាសិទ្ធិ សិទ្ធិមូលដ្ឋានទិន្នន័យ និងកម្មសិទ្ធិបញ្ញាផ្សេងទៀត ដែលទាក់ទងនឹងកម្មវិធី នៅតែជាកម្មសិទ្ធិរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក។
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ប្តេជ្ញាធានាថា កម្មវិធីនេះមានប្រយោជន៍ និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ សម្រាប់ហេតុផលនោះ ធនាគាររក្សាសិទ្ធិដើម្បីធ្វើការផ្លាស់ប្តូរកម្មវិធី ឬគិតថ្លៃសេវារបស់វាគ្រប់ពេលវេលា និងដោយហេតុផលណាមួយ។ ធនាគារយើងខ្ញុំនឹងមិនគិតថ្លៃសេវាពីលោកអ្នកសម្រាប់កម្មវិធី ឬសេវាកម្ម ដោយពុំបានបញ្ជាក់ឱ្យច្បាស់ ចំពោះសេវាដែលលោកអ្នកនឹងត្រូវបង់នោះទេ។
កម្មវិធី CUBC MBANKING រក្សាទុក និងដំណើរការទិន្នន័យផ្ទាល់ខ្លួន ដែលលោកអ្នកបានផ្តល់ឱ្យធនាគារយើងខ្ញុំ ដើម្បីផ្តល់ជូននូវសេវាកម្មរបស់ធនាគារ។ វាជាទំនួលខុសត្រូវរបស់លោកអ្នកក្នុងការរក្សាទូរស័ព្ទរបស់លោកអ្នក និងការចូលប្រើកម្មវិធីឱ្យមានសុវត្ថិភាព។ ដូច្នេះហើយ យើងខ្ញុំសូមណែនាំថា លោកអ្នកមិនត្រូវ Jailbreak ឬ Root ទូរស័ព្ទរបស់លោកអ្នកឡើយ ដែលវាជាដំណើរការនៃការរឹតត្បិត និងកំណត់កម្មវិធី ដោយប្រព័ន្ធប្រតិបត្តិការផ្លូវការ នៃឧបករណ៍របស់លោកអ្នក។ វាអាចធ្វើឱ្យទូរស័ព្ទរបស់លោកអ្នកងាយឆ្លងមេរោគ និងធ្វើឱ្យខូចមុខងារសុវត្ថិភាពទូរស័ព្ទរបស់លោកអ្នក ហើយវាអាចមានន័យថាកម្មវិធី CUBC MBANKING នឹងមិនអាចដំណើរការមិនបានត្រឹមត្រូវ ឬមិនដំណើរការទាំងស្រុង។
លោកអ្នកគួរតែដឹងថាមានរឿងមួយចំនួនដែលធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.កនឹងមិនទទួលខុសត្រូវសម្រាប់មុខងារមួយចំនួនរបស់កម្មវិធីដែលតម្រូវឱ្យកម្មវិធីមានការតភ្ជាប់អ៊ីនធឺណិតយ៉ាងសកម្ម។ ការតភ្ជាប់អាចជា Wi-Fi ឬការផ្តល់ដោយអ្នកផ្តល់បណ្តាញទូរស័ព្ទចល័តរបស់លោកអ្នក ប៉ុន្តែធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក មិនអាចទទួលខុសត្រូវចំពោះកម្មវិធីមិនដំណើរការពេញលេញទេ ប្រសិនបើលោកអ្នកមិនមានសិទ្ធិចូលប្រើ Wi-Fi និង ទូរស័ព្ទរបស់លោកអ្នកមិនមានទឹកប្រាក់គ្រប់គ្រាន់នោះទេ។
ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់កម្មវិធីនៅខាងក្រៅតំបន់ដែលមាន Wi-Fi លោកអ្នកគួរតែចងចាំថាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរវាងលោកអ្នកជាមួយនឹងអ្នកផ្តល់បណ្តាញទូរស័ព្ទរបស់អ្នកនឹងនៅតែបន្តអនុវត្ត។ ជាលទ្ធផល លោកអ្នកអាចត្រូវបានគិតប្រាក់ដោយអ្នកផ្តល់សេវាទូរស័ព្ទរបស់លោកអ្នកនៃតម្លៃទិន្នន័យសម្រាប់រយៈពេលនៃការតភ្ជាប់ខណៈពេលកំពុងចូលប្រើកម្មវិធី ឬគិតថ្លៃពីភាគីទីបីផ្សេងទៀត។ តាមរយៈការប្រើប្រាស់កម្មវិធី លោកអ្នកកំពុងទទួលយកការទទួលខុសត្រូវចំពោះការគិតថ្លៃបែបនេះ រួមទាំងការគិតថ្លៃទិន្នន័យរ៉ូមីង (roaming) ប្រសិនបើលោកអ្នកប្រើកម្មវិធីនៅខាងក្រៅតំបន់របស់លោកអ្នក (ពោលគឺតំបន់ ឬប្រទេស) ដោយមិនបានបិទទិន្នន័យរ៉ូមីង (roaming)។ ប្រសិនបើលោកអ្នកមិនមែនជាអ្នកទូទាត់វិក្កយបត្រសម្រាប់ឧបករណ៍ដែលអ្នកកំពុងប្រើកម្មវិធីនេះទេ សូមដឹងថាយើងសន្មត់ថាលោកអ្នកបានទទួលការអនុញ្ញាតពីអ្នកទូទាត់វិក្កយបត្រសម្រាប់ការប្រើប្រាស់កម្មវិធីនេះ។
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក មិនទទួលខុសត្រូវចំពោះវិធីដែលលោកអ្នកប្រើប្រាស់កម្មវិធីនោះទេ ពោលគឺលោកអ្នកត្រូវប្រាកដថាឧបករណ៍របស់លោកអ្នកនៅតែមានថាមពលថ្ម ប្រសិនបើវាអស់ថ្ម នោះលោកអ្នកមិនអាចបើកវាប្រើប្រាស់សេវាកម្មនេះបានទេ ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក មិនទទួលយកការទទួលខុសត្រូវនោះទេ។
ទាក់ទងទៅនឹងទំនួលខុសត្រូវរបស់ ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក សម្រាប់ការប្រើប្រាស់កម្មវិធីរបស់លោកអ្នក នៅពេលដែលលោកអ្នកកំពុងប្រើប្រាស់កម្មវិធីនេះ វាគឺជារឿងសំខាន់ដែលត្រូវចងចាំថា ទោះបីជាយើងព្យាយាមធានាថាវាត្រូវបានធ្វើបច្ចុប្បន្នភាពកម្មវិធីត្រឹមត្រូវក៏ដោយ ពេលខ្លះធនាគារក៏ពឹងផ្អែកលើភាគីទីបី ដើម្បីផ្តល់ព័ត៌មានដល់ធនាគារយើងខ្ញុំ ដូច្នេះធនាគារអាចធ្វើឱ្យវាអាចប្រើប្រាស់បានសម្រាប់លោកអ្នក។ ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយ ដោយផ្ទាល់ ឬដោយប្រយោល ដែលលោកអ្នកជួបប្រទះនៅលើមុខងាររបស់កម្មវិធីនេះឡើយ។
នៅចំណុចខ្លះ ធនាគារយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពកម្មវិធី។ កម្មវិធីបច្ចុប្បន្នគឺមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS – តម្រូវការសម្រាប់ប្រព័ន្ធទាំងពីរ (សម្រាប់ប្រព័ន្ធបន្ថែមណាមួយដែលធនាគារសម្រេចចិត្តដាក់ប្រើប្រាស់ក្នុងកម្មវិធី) អាចនឹងផ្លាស់ប្តូរ ហើយលោកអ្នកនឹងត្រូវទាញយកការធ្វើបច្ចុប្បន្នភាពប្រសិនបើលោកអ្នកចង់បន្តប្រើប្រាស់កម្មវិធី។ ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក មិនប្រាកដថានឹងតែងតែធ្វើបច្ចុប្បន្នភាពកម្មវិធីជានិច្ចទេ ដូច្នេះវាពាក់ព័ន្ធជាមួយនឹងដំណើរការនៃកំណែ Android និង iOS ដែលលោកអ្នកបានដំឡើងនៅលើឧបករណ៍របស់លោកអ្នក។ ទោះយ៉ាងណាក៏ដោយ លោកអ្នកសន្យាថានឹងទទួលយកការធ្វើបច្ចុប្បន្នភាពកម្មវិធីជានិច្ច នៅពេលដែលធនាគារយើងខ្ញុំផ្តល់ជូនលោកអ្នក ធនាគារយើងខ្ញុំក៏អាចនឹងបញ្ឈប់ការផ្តល់ជូនកម្មវិធីនេះ ហើយក៏អាចបញ្ចប់ការប្រើប្រាស់វាបានគ្រប់ពេលដោយមិនផ្តល់ការជូនដំណឹងអំពីការបញ្ឈប់ដល់លោកអ្នក។ លុះត្រាតែធនាគារយើងខ្ញុំជូនដំណឹងលោកអ្នកបើមិនដូច្នេះទេ នៅពេលការមានការបញ្ឈប់អ្វីមួយ (ក) សិទ្ធិ និងអាជ្ញាប័ណ្ណដែលបានផ្តល់ឱ្យលោកអ្នកក្នុងលក្ខខណ្ឌទាំងនេះនឹងបញ្ចប់ (ខ) លោកអ្នកត្រូវតែឈប់ប្រើប្រាស់កម្មវិធីនេះ (ប្រសិនបើចាំបាច់) លុបវាចេញពីឧបករណ៍របស់លោកអ្នក។
ការកែប្រែខចែង និងលក្ខខណ្ឌ
ធនាគារយើងខ្ញុំអាចធ្វើបច្ចុប្បន្នភាពខចែង និងលក្ខខណ្ឌរបស់ធនាគារយើងខ្ញុំពីពេលមួយទៅពេលមួយ។ ដូច្នេះ លោកអ្នកត្រូវពិនិត្យមើលទំព័រនេះជាទៀងទាត់សម្រាប់ការកែប្រែណាមួយ។ ធនាគារយើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកពីការកែប្រែដោយការប្រកាសអំពីគោលការណ៍ឯកជនភាពថ្មីនៅលើទំព័រនេះ។ ការកែប្រែទាំងនេះមានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីបានប្រកាសនៅលើទំព័រនេះ។
ទាក់ទងមកកាន់ធនាគារយើងខ្ញុំ
ប្រសិនបើលោកអ្នកមានសំណួរអំពី ខចែង និងលក្ខខណ្ឌរបស់ធនាគារ សូមធ្វើការទាក់ទងមកធនាគារយើងខ្ញុំតាមរយៈគេហទំព័រ៖ https://www.cathaybk.com.kh
ខចែង និង លក្ខខណ្ឌនៃគណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញ
ប្រសិនបើលោកអ្នកមានបំណងប្រើប្រាស់សេវាកម្មប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ខចែង និងលក្ខខណ្ឌផ្សេងៗនឹងត្រូវអនុវត្តភ្លាមៗ ហើយលោកអ្នកត្រូវបានសន្មតថាយល់ព្រមជាមួយ ខចែង និងលក្ខខណ្ឌទាំងនេះមុនពេលលោកអ្នកអាចប្រើប្រាស់សេវាកម្មមួយនេះ។ ជាការចាំបាច់ណាស់ដែលលោកអ្នកត្រូវអាន ខចែង និង លក្ខខណ្ឌទាំងនេះមុនពេលលោកអ្នកប្រើប្រាស់សេវាកម្មប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញរបស់សាជីវកម្មធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬ មិនទាន់យល់ច្បាស់ត្រង់ចំនុចណាមួយទៅលើ ខចែង និងលក្ខខណ្ឌទាំងនេះ លោកអ្នកអាចធ្វើការទំនាក់ទំនងមកខាង ធនាគារយើងខ្ញុំដើម្បីធ្វើការបញ្ជាក់បន្ថែមជូនលោកអ្នកអោយកាន់តែច្បាស់។
ខចែង និង លក្ខខណ្ឌក្នុងឯកសារនេះមិនតំណាងឱ្យលក្ខខណ្ឌទាំងអស់ដែលផលិតផល និងសេវាកម្មរបស់ធនាគារត្រូវបានផ្តល់ជូននោះទេ។ ទោះយ៉ាងណាក៏ដោយ លក្ខខណ្ឌបន្ថែមអាចត្រូវបានបញ្ជាក់ដោយច្បាប់ និងបទប្បញ្ញត្តិនានា។
ធនាគារយើងខ្ញុំ រក្សាសិទ្ធិក្នុងការកែប្រែនូវ ខចែង និង លក្ខខណ្ឌណាមួយដោយមិនចាំបាច់មានការជូនដំណឹងជាមុន។
ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញ
គណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញបើកដំណើរការតាមរយៈប្រព័ន្ធធនាគារអនឡាញរបស់ ធនាគារ កាថេ យូណៃធីត (កម្ពុជា) ជាមួយនឹងតម្រូវការដូចជា៖ ចំនួនប្រាក់បញ្ញើបឋមអប្បបរមា ចំនួនប្រាក់អតិបរមាក្នុងការបើក ប្រភេទរូបិយប័ណ្ណ រយៈពេល លក្ខខណ្ឌ អត្រាការប្រាក់ និង ព័ត៌មានជាក់លាក់របស់អតិថិជន។
គណនីបង្គោល
អតិថិជនអាចដាក់ពាក្យសុំបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធធនាគារអនឡាញ លុះត្រាតែពួកគេមានយ៉ាងហោចណាស់នូវគណនីសន្សំផ្ទាល់ខ្លួន ឬគណនីចរន្តផ្ទាល់ខ្លួន (តាមលក្ខខណ្ឌដាច់ដោយឡែក) ដែលអនុញ្ញាតឲ្យភ្ជាប់ជាមួយប្រព័ន្ធធនាគារអនឡាញរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក។
គណនីបង្គោលមិនអាចបិទបានទេ ប្រសិនបើមានការភ្ជាប់ជាមួយនឹងគណនីប្រាក់បញ្ញើមានកាលកំណត់ផ្សេងទៀតដែលមានរួចក្នុងបញ្ជីគណនី លើកលែងតែមានការរៀបចំផ្សេងទៀតសម្រាប់ការបិទគណនីត្រូវបានបង្កើត ឬបានយល់ព្រមដោយធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក។
រូបិយប័ណ្ណ
ប្រភេទរូបិយប័ណ្ណ ដើម្បីបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធធនាគារអនឡាញរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក អាចជា ប្រាក់ដុល្លារ ឬ ប្រាក់រៀល។ រូបិយប័ណ្ណផ្សេងគ្នា (ឧទាហរណ៍៖ គណនីបង្គោលជាប្រាក់ដុល្លារ ទៅគណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល) គឺមិនត្រូវបានអនុញ្ញាតឲ្យបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធអនឡាញនោះទេ។ ធនាគារយើងខ្ញុំ អាចនឹងមានការផ្លាស់ប្តូរនិងកែប្រែ សិទ្ធិ និង លក្ខខណ្ឌក្នុងពេលវេលាណាមួយ ដែលនឹងអាចមាននៅក្នុងកំណែថ្មីនៃប្រព័ន្ធធនាគារអនឡាញរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក។
រយៈពេល និង អត្រាការប្រាក់
ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក អាចផ្ដល់ជូននូវរយៈពេល និង អត្រាការប្រាក់មានភាពខុសគ្នានៃគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹងប្រភេទខុសគ្នាក្នុងការបើក ហើយអត្រាការប្រាក់នឹងត្រូវបានផ្តល់ជូនអតិថិជនទៅតាមប្រភេទផ្សេងគ្នានៃរយៈពេល និងចំនួនទឹកប្រាក់បញ្ញើដែលអតិថិជនជ្រើសរើសដើម្បីបើកគណនី។ នេះគឺជាអត្រាការប្រាក់របស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ដើម្បីធ្វើឲ្យប្រាកដថា វាគឺជាការផ្ដល់ជូននូវសេវាកម្មនិងដំណោះស្រាយដ៏ល្អបំផុតមួយទៅលើវិស័យវិនិយោគសម្រាប់អតិថិជន។
អត្រាការប្រាក់ និងសេចក្តីណែនាំអំពីកាលកំណត់
អតិថិជន យល់ព្រម និងទទួលស្គាល់ថា អត្រាការប្រាក់នៃគណនីប្រាក់បញ្ញើមានកាលកំណត់អាចនឹងមានការផ្លាស់ប្តូរ/កែប្រែនៅពេលវេលាណាមួយ ផ្អែកលើការសម្រេចចិត្តរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ដើម្បីស្របតាមស្ថានភាពតម្រូវជាក់ស្តែងក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ធនាគារ និងអាចមានការជូនដំណឹង ឫស្នើសុំការយល់ព្រមពីអតិថិជន (ប្រសិនបើតម្រូវដោយច្បាប់ និងបទប្បញ្ញតិ្ដពាក់ព័ន្ធ)។
សម្រាប់ការទូទាត់ការប្រាក់ នឹងត្រូវធ្វើការទូទាត់ទៅឲ្យម្ចាស់គណនីដែលបានជ្រើសរើសបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញដែលអនុលោមតាមប្រភេទខុសគ្នានៃលក្ខខណ្ឌមានកាលកំណត់។ ប្រសិនបើ គណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញបានបិទមុនពេលកាលបរិច្ឆេទកំណត់ ការប្រាក់នឹងមិនត្រូវបានផ្ដល់ជូនអតិថិជននោះឡើយ។ ទឹកប្រាក់ដើម និង ការប្រាក់នឹងត្រូវបានផ្ដល់ជូនសម្រាប់ការបិទគណនីនៅកាលបរិច្ឆេទកំណត់តែប៉ុណ្ណោះ។ ការប្រាក់ទាំងអស់ដែលត្រូវផ្ដល់ជូននឹងត្រូវដកពន្ធកាត់ទុកស្របតាមច្បាប់ និង បទប្បញ្ញត្តិពន្ធដារដែលចូលជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
ពន្ធកាត់ទុកនិវាសនជននឹងត្រូវដកពីការទូទាត់ការប្រាក់ដែលបានបង្កើតសម្រាប់ម្ចាស់គណនីជនជាតិខ្មែរ។ ទោះជាយ៉ាងណា ពន្ធកាត់ទុកនិវាសនជនអាចអនុវត្តបានសម្រាប់តែជនបរទេសដែលធ្លាប់បានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច១៨២ថ្ងៃ ដោយមានការផ្ដល់ឯកសារគ្រប់គ្រាន់។ សម្រាប់ម្ចាស់គណនីអនិវាសនជននឹងត្រូវដកពន្ធកាត់ទុកតាមពន្ធកាត់ទុកអនិវាសនជន។ យើងផ្ដោតទៅលើភាពត្រឹមត្រូវនៃឯកសារនិងព័ត៌មានដែលលោកអ្នកបានផ្ដល់ឲ្យដើម្បីជ្រើសរើសប្រភេទពន្ធមួយដែលត្រឹមត្រូវសម្រាប់គណនីលោកអ្នក។
វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញ
សម្រាប់ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក នឹងមិនផ្តល់ជូននូវវិញ្ញាបនបត្រឡើយ។ វានឹងត្រូវបានចុះបញ្ជីគណនីនៅក្នុងកម្មវិធីប្រព័ន្ធធនាគារអនឡាញរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ដែលលោកអ្នកអាចមើលព័ត៌មានលម្អិតនៃការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញ ឬ ប្រតិបត្តិការនៃគណនីបង្គោល។
លេខកូដសម្ងាត់ (OTP)
លេខកូដ OTP មាន ៦ ខ្ទង់ដែលបង្កើតដោយប្រព័ន្ធស្វ័យប្រវត្តិហើយផ្ញើទៅកាន់លេខទូរស័ព្ទរបស់ម្ចាស់គណនីដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាមួយសាជីវកម្មធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក។
ការផ្ទៀងផ្ទាត់ជីវមាត្រ
ការផ្ទៀងផ្ទាត់ជីវមាត្រគឺអនុញ្ញាតសម្រាប់អតិថិជនដែលបានប្រើប្រាស់ទូរស័ព្ទជាមួយ ស្នាមក្រយៅដៃ ឬការសម្គាល់ទម្រង់មុខ សម្រាប់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិតផ្ទាល់ខ្លួន។
ការបិទគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធអនឡាញ
ប្រសិនបើលោកអ្នកចង់បិទគណនីប្រាក់បញ្ញើមានកាលកំណត់នេះ លោកអ្នកត្រូវអញ្ជើញមកកាន់សាខា របស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ណាមួយដើម្បីធ្វើការបិទ។
ព័ត៌មានផ្ទាល់ខ្លួន
យើងយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់លោកអ្នក។ រាល់ព័ត៌មានទាំងអស់ដែលលោកអ្នកបានផ្តល់ជូនធនាគារនឹងត្រូវបានរក្សាទុកជាការសម្ងាត់និងសុវត្ថិភាពដោយខាងធនាគារ។ ប្រសិនបើលោកអ្នកជ្រើសរើសប្រើប្រាស់សេវាកម្មទាំងនេះ នោះលោកអ្នកយល់ព្រមនឹងគោលការណ៍ឯកជនភាពរបស់សេវាធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក (CUBC mBanking)។ លោកអ្នកមានសិទ្ធិទទួលបានព័ត៌មានទាំងនោះដោយអាចស្នើសុំនៅការិយាល័យកណ្តាល ឬសាខាណាមួយរបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ហើយលោកអ្នក ប្រកាសថាព័ត៌មានដែលបានផ្តល់គឺពិតនិងត្រឹមត្រូវ។
ធនាគារយើងខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកឱ្យបានទាន់ពេលវេលា។ ដើម្បីជាជំនួយដល់យើងខ្ញុំ សូមអនុញ្ញាតឱ្យយើងខ្ញុំដឹងពីការផ្លាស់ប្តូរណាមួយនៅក្នុងព័ត៌មានលម្អិតផ្ទាល់ខ្លួននិងអាជីវកម្មរបស់លោកអ្នក។
ដំណោះស្រាយ
សម្រាប់ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់តាមប្រព័ន្ធធនាគារអនឡាញ យើងដឹងថាពេលខ្លះអាចនឹងមានបញ្ហាកើតឡើង ខណៈពេលលោកអ្នកកំពុងធ្វើប្រតិបត្តិការ ឬបន្ទាប់ពីលោកអ្នកបានបញ្ចប់ប្រតិបត្តិការរួចរាល់។ នៅពេលដែលមានបញ្ហាទាំងអស់នេះ ធនាគារនឹងព្យាយាមកំណត់នូវមូលហេតុដែលបណ្តាលឲ្យមានបញ្ហាកើតឡើងជាមួយនឹងការផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏ល្អបំផុត។ ក្នុងករណីដែលលោកអ្នកជឿជាក់ថាគណនីប្រាក់បញ្ញើមានកាលកំណត់តាមរយៈប្រព័ន្ធធនាគារអនឡាញរបស់លោកអ្នកមានបញ្ហាកើតឡើង សូមធ្វើការទំនាក់ទំនងភ្លាមៗមកកាន់ផ្នែកទំនាក់ទំនងរបស់ធនាគារដោយទូរស័ព្ទទៅកាន់លេខ (៨៥៥) ២៣ ៨៨ ៥៥ ០០។
ការផ្ទេរប្រាក់ Telegraphic Transfer (International)
Teleការផ្ទេរប្រាក់ Telegraphic Transfer (International) សំដៅដល់ការផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេងៗនៅក្រៅប្រទេស។
តាមរយៈការប្រើប្រាស់សេវាផ្ទេរប្រាក់ Telegraphic Transfer (International) ខ្ញុំបានយល់ព្រមទៅតាមលក្ខខណ្ឌផ្សេងៗដែលគ្រប់គ្រងទៅលើសេវាអេឡិចត្រូនិច គណនីសន្សំ គណនីចរន្ត ព្រមទាំងសេវាផ្ទេរប្រាក់ក្រៅប្រទេស។
ខ្ញុំបានដឹងថាប្រតិបត្តិការរបស់ខ្ញុំ ត្រូវបានធ្វើឡើងដោយផ្អែកទៅលើអត្រាប្ដូរប្រាក់ក្នុងកំឡុងពេលធ្វើប្រតិបត្តិការ ដែលអាចខុសគ្នាពីអត្រាប្ដូរប្រាក់ដែលបានបង្ហាញលើគេហទំព័ររបស់ធនាគារ (CUBC)។
ខ្ញុំយល់ព្រមផ្តល់ជូននូវរាល់ឯកសារពាក់ព័ន្ធបន្ថែមដែលតម្រូវដោយធនាគារ (CUBC) ហើយខាងធនាគារ (CUBC) នឹងមិនទទួលខុសត្រូវចំពោះប្រតិបត្តិការណាមួយដែលមិនត្រូវបានធ្វើឡើង ដោយសារតែឯកសារតម្រូវមិនគ្រប់គ្រាន់នោះឡើយ។